/ អំពីស្ថាប័ន / នាយកដ្ឋានចំណុះ / នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក

នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក

នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកមានតួនាទី និងភារកិច្ចដូចតទៅ ៖

  • ធ្វើការគ្រប់គ្រងទឹក ទាំងបរិមាណ និងគុណភាពនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ពាក់ព័ន្ធផ្សេងទៀត
  • សិក្សាអំពីរុក្ខជាតិ និងជីវិតសត្វនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅខេត្តព្រះវិហារ
  • ធ្វើ​ការ​គ្រប់​គ្រង​ព្រៃឈើ​នៅ​ក្នុង​ឧទ្យាន​ប្រាសាទ​ព្រះវិហារ និង​ឧទ្យាន​ផ្សេងៗ​ទៀត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ អ.ជ.ព.វ រួម​មាន​ការ​អភិរក្ស ថែទាំ និង​ការ​ដាំ​កូន​ឈើ​ឡើង​វិញ
  • ធ្វើ​ការ​សិក្សា​អំពី​បរិស្ថាន បរិយាកាស និង​អាកាសធាតុ​ដោយ​រៀប​ចំ​ឲ្យ​មាន​សំណង់ ឧតុនិយម អាកាសធាតុ ប្រមែ​ប្រមូល​រាល់​ទិន្នន័យ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់ តាម​ដាន​ការ​ប្រែ​ប្រួល​អាកាសធាតុ ឥទ្ធិពល​ដែល​មាន​ទៅ​លើ​ជល​សាស្រ្ត និង​កសិកម្ម និង​ការ​បំពុល​បរិស្ថាន ការ​បំពុល​ទឹក ការ​បំពុល​ខ្យល់ ព្រម​ទាំង​ការ​រំខាន​ដោយ​សម្លេង
  • ធ្វើ​ការ​សិក្សា​ដី​សម្រាប់​កសិកម្ម និង​ព្រៃឈើ ដើម្បី​ប្រើ​ប្រាស់​ឲ្យ​សម​ស្រប​តាម​គុណភាព​ប្រភេទ​ដី​នីមួយ​ៗ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ
  • ធ្វើ​ការ​សិក្សា​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ដោយ​សហ​ការ​សិក្សា​រួម​គ្នា​ជាមួយ​នាយកដ្ឋាន​ជំនាញ​នា​នា​ទៅ​លើ​ផ្នែក​ខាង​លើ​ដី និង​ក្រោម​ដី អាកាសធាតុ រុក្ខជាតិ និង​ប្រាសាទ​នា​នា។

ខាងក្រោមនេះជាអត្តបទស្តីេពីសកម្មភាពស្តារព្រៃឈើឡើងវិញក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ៖

ការិយាល័យ​កិច្ចការ​ព្រៃ​ឈើ​នៃ​នាយកដ្ឋាន​បរិស្ថាន ព្រៃឈើ និង​ទឹក នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​អនុវត្ត​សកម្មភាព​ស្តារ​ព្រៃឈើ​ឡើង​វិញ​លើ​ផ្ទៃ​ដី​ទំហំ​ ៤.៥ ហិកតា ក្នុង​តំបន់​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២។ ការ​ស្តារ​ព្រៃឈើ​ឡើង​វិញ​នេះ​គឺ​ក្នុង​គោល​បំណង​ភ្ជាប់​គម្រប​ព្រៃ​ដែល​ស្ថិត​នៅ​ដាច់ៗ​ពី​គ្នា និង​កែ​លំអរ​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ និង​ជីវ​ចម្រុះ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ។ សកម្មភាព​ស្តារ​ព្រៃឈើ​នេះ​បាន​អនុវត្ត​នៅ​ពាក់​កណ្តាល​ខែ​កក្កដា និង​បញ្ចប់​នៅ​ដើម​ខែសីហា។ កូន​ឈើ​ជាង ៤០០០ ដើម ក្នុង​ចំណោម​ប្រភេទ​ឈើ​ចំនួន ១៤ ប្រភេទ​ដែល​បាន​បណ្តុះ​ក្នុង​ថ្នាល​បណ្តុះ​កូន​ឈើ​របស់​នាយកដ្ឋាន​បរិស្ថាន ព្រៃឈើ និង​ទឹក ត្រូវ​បាន​ដាំ​នៅ​តាម​តំបន់​រេចរិល​ទាំងអស់​នេះ។ កូន​ឈើទាំង​ ១៤ ប្រភេទ​នេះ​រួម​មាន ត្រាំកង់ឬត្រសេក ព្រីងធំ ចំបក់ ដក់ពរ ច្រេស ពង្រ មន្រ្តី ត្របែកព្រៃ ហៃសាន ទឹកដោះខ្លាំធំ អង្កាញ់ រាជឆ្ពឹសឬលឿងរាជ និង ធ្នង់។ ក្រៅ​ពី​ការ​ដាំ​កូន​ឈើ​បំពេញ​បន្ថែម​នៅ​តាម​តំបន់​រេចរិល នាយកដ្ឋាន​ក៍​បាន​អនុវត្ត​វិធីសាស្រ្ត​ស្តារ​ព្រៃឈើ​ផ្សេងៗ​ទៀត​ដែរ​ដូចជា ការ​ដាំ​ដោយ​គ្រាប់​ផ្ទាល់ ការ​ថែទាំ​ដំណុះ​ធម្មជាតិ និង​សុវុឌ្ឍិកម្ម​ព្រៃឈើ។ បើ​ទីតាំង​ស្តារ​ព្រៃឈើ​ឡើង​វិញ​នេះ​មិន​ទទួល​រង​ភ្លើងឆេះ​ព្រៃ​ទេ ​នោះ​វា​នឹង​មាន​គម្រប​បៃតង​ក្នុង​រយៈពេល ៥ ឆ្នាំ ខាង​មុខ​ទៀត។

© រូបភាពរបស់នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក