/ អំពីស្ថាប័ន / តួនាទី និងភារកិច្ច

តួនាទី និងភារកិច្ច

អគ្គនាយកដ្ឋាននៃ អ.ជ.ព.វ មានមុខងារ និងភារកិច្ចដូចតទៅ៖

  • គិត​គូរ និង​ចាត់​ចែង​អនុវត្ត​នូវ​រាល់​ផែន​ការ​សម្រាប់​រយះពេល​មធ្យម​ និង​រយះពេល​វែង​លើ​ការ​ថែរក្សា និង​ការពារ​ប្រាសាទ​នា​នា​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ឲ្យ
  • ធ្វើ​អន្តរាគមន៍​ចាំ​បាច់ និង​បន្ទាន់​ដើម្បី​ធានា​កិច្ច​ការពារ និង​ស្រោចស្រង់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ
  • បង្កើត​ឲ្យ​មាន​អង្គភាព​ឆ្មាំ​ប្រាសាទ ដើម្បី​បង្ការ ថែរក្សា ការពារ ឬ​គ្រប់គ្រង​ប្រាសាទ​នា​នា​រួម​ទាំង​ទេសភាព និង​បរិស្ថាន​ដែល​នៅ​ជុំវិញ​ប្រាសាទ​ទាំងនោះ
  • ធ្វើការស្ទង់មើល និងធ្វើកំណាយបុរាណវិទ្យា
  • រួម​ចំណែក​បង្កើន​ចំណេះ​ដឹង និង​ការ​ស្រាវ​ជ្រាវ ដើម្បី​ចង​ក្រង​ឯកសារ​អំពី​វប្បធម៌​ខ្មែរ​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​តំបន់​ពាក់​ព័ន្ធផ្សេង​ទៀត
  • គិត​គូរ និង​ចាត់​ចែង​អនុវត្ត​នូវ​ផែនការ​សម្រាប់​រយះពេល​មធ្យម និង​រយះពេល​វែង​ក្នុង​គោល​បំណង​លើក​តម្លៃ​ជំរុញ​ផ្សព្វ​ផ្សាយ និង​គ្រប់​គ្រង​ការ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​នៃ​តំបន់​ឧទ្យាន​ប្រាសាទ​ព្រះវិហារ និងតំបន់​ពាក់​ព័ន្ធ​ផ្សេង​ទៀត
  • សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដែល​ពាក់​ព័ន្ធ ដើម្បី​បណ្តុះ​បណ្តាល​មគ្គុទេសក៍​ទេសចរណ៍ និង​ផ្តល់​ព័ត៌មាន​ដល់​ភ្នាក់ងារ និង​អ្នក​ប្រកប​មុខ​របរ​ទេសចរណ៍
  • ធានា​ការ​គ្រប់​គ្រង និង​ការ​ប្រើ​ប្រាស់​កម្រៃ​បាន​មក​ពី​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដោយ​អនុលោម​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត បទប្បញត្តិ​ជាធរមាន និង​វិធាន​អន្តរជាតិ​នានា
  • រៀបចំ​ចំណត​រថយន្ត មធ្យោបាយ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ តូប ស្តង់លក់ដូរ​វត្ថុអនុស្សាវរីយ៍ លក់ភេសជ្ជៈ ស្ថានីយ​ប៉ុស្តិ​នគរបាល​ការពារ​បេតិកភណ្ឌ ​និង​ឆ្មាំ​ប្រាសាទ បង្គន់ បន្ទប់​ទឹក និង​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ
  • សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដែល​ពាក់​ព័ន្ធ​ដើម្បី​រៀបចំ​អភិវឌ្ឍន៍​តំបន់​រណប (តំបន់ ៣) ឲ្យ​បាន​ល្អ​ប្រសើរ និង​មានភាព​សមរម្យ​ដោយ​អនុលោម​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប៉ះពាល់​ទៅលើ​បរិស្ថាន​ដែល​បណ្តាល​មក​ពី​កំណើន​ប្រជាពលរដ្ឋ និង​វិធាន​អន្តរជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព
  • ចេញ​លិខិត​អនុញ្ញាត​រុះរើ និង​សាង​សង់​សំណង់​នា​នា ព្រម​ទាំង​លិខិត​បញ្ជា​ឲ្យរុះរើ​ចំពោះ​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​តំបន់​ការពារ​ដែល​បាន​កំណត់​ក្នុង​ព្រះរាជ​ក្រឹត្យ​លេខ នស រកត ០៤០៦​១៨៣ ចុះ​​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០០៦ ស្តី​ពី​ការ​កំណត់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ
  • សិក្សា​ពី​ផល​ប៉ះពាល់ និង​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍ ​ធ្វើ​ការ​តាម​ដាន ឃ្លាំ​មើល​តាម​រយះ​នៃ​ការ​រៀបចំ​ព្យាករណ៍​ជា​ប្រចាំ​សម្រាប់​រយៈពេល​កំណត់​នីមួយៗ
  • កំណត់​ជ្រើស​រើស និង​ចាត់​ចែង​អនុវត្ត​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍ ​ដោយ​អនុលោម​តាម​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្ត បទប្បញ្ញត្តិ និង​វិធាន​នានា​ជាធរមាន
  • រៀបចំ​កិច្ច​សន្យា​ជាមួយ​វិនិយោគិន និង​សម្បទានិក ព្រម​ទាំង​ធ្វើការ​ដោះស្រាយ​រាល់​កិច្ចការ​វិវាទ​ទាំងឡាយ​ដោយ​អនុលោម​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត បទប្បញ្ញត្ត​ជាធរមាន និង​វិធាន​អន្តរជាតិ​នានា
  • រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ខេត្ត​ព្រះវិហារ​ដោយ​បង្កើន​ការងារ ជំរុញ​ឲ្យ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ពង្រឹង​សមត្ថភាព​បម្រើ​ការងារ​របស់​ប្រជាជន​នៅ​តំបន់​នេះ និង​តំបន់​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ
  • ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា ដែល​ផ្តល់​ការ​រីក​ចម្រើន​ដល់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​បរិស្ថាន​ដោយ​អនុលោម​តាម​គោល​នយោបាយ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​រាជរដ្ឋាភិបាល
  • រៀប​ចំ​ប្រព័ន្ធ​គ្រប់​គ្រង និង​ត្រួត​ពិនិត្យ​គុណភាព​លើ​ការ​ធ្វើ​អាជីវកម្ម ​និង​សេវាកម្ម​នានា​ក្នុង​គោលដៅ​ការពារ​បរិស្ថាន និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​ខេត្ត​ព្រះវិហារ និង​តំបន់​ពាក់​ព័ន្ធ​ផ្សេង​ទៀត
  • ទទួល​ការងារ​ពិធីការ និង​រៀបចំ​មគ្គុទេសក៍​សម្រាប់​ទទួល​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ
  • បង្ក្រាប​បទ​ល្មើស​ព្រៃឈើ គ្រប់​គ្រង​ដីធ្លី និង​ទប់​ស្កាត់​អំពើ​អនាធិបតេយ្យ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​កសាង​សំណុំ​រឿង​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរ​មាន
  • ធ្វើ​របាយការណ៍​តាម​រយះ​ប្រធាន អ.ជ.ព.វ ស្តី​ពី​សកម្មភាព​ការងារ​ប្រចាំ​ខែ ត្រីមាស ឆមាស ៩ខែ និង​ប្រចាំឆ្នាំ និង​សភាពការណ៍ ព្រម​ទាំង​វិធានការ​នា​នា​ដែល​អាជ្ញាធរ​ជាតិ​ប្រកាន់​យក ផ្ញើ​ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ធ្វើ​របាយការណ៍​តាម​រយៈ​ប្រធាន អ.ជ.ព.វ ស្តីពី​ស្ថានភាព​ចំណូល និង​ចំណាយ​របស់​អាជ្ញាធរ​ជាតិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។