ក្លឹបកុមារភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន គឺជាកន្លែងផ្តល់ការអប់រំភាសាបរទេស (ភាសាអង់គ្លេស) ក្រៅប្រព័ន្ធ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៌តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្ត្រ នៃអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងភូមិធម្មជាតិ ។ ក្លឹបកុមារត្រូ​វបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០១៤ ដែលមានទីតាំងក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្លឹបកុមារនេះបានបង្កើតឲ្យមានគណៈកម្មការគ្រប់គ្រងមួយ ដែលមានសមាសភាពចូលរួមមកពីអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិព្រះវិហារ។ គ្រូបង្រៀនសុទ្ធសឹងជាមន្រ្តីរបស់អាជ្ញាធរជាតិព្រះវិហារ ដែលមានចំណេះដឹងភាសាអង់គ្លេស និងមានបទពិសោធន៌ក្នុងការបង្រៀនភាសាអង់គ្លេសជាច្រើនឆ្នាំ។

គោលបំណងនែការបង្កើតក្លឹបនេះ គឺចង់ឲ្យកូនចៅអ្នករស់នៅក្នុងភូមិនេះ អាចចូលរៀនបាន ដោយមិនមានការបង់ប្រាក់អ្វីឡើយដើម្បីបង្កើនចំណេះដឹងរបស់ពួកគេទាក់ទងនឹងរបៀបរបបនៃការរស់នៅ អនាម័យ សុជីវធម៌ ក៏ដូចជាភាសាបរទេសក្រៅពីការសិក្សារបស់ពួកគេក្នុងសាលារដ្ឋ។

មកដល់បច្ចុប្បន្ននេះ ក្លឹបបានដំណើរការបង្រៀនសិស្សបាន ៨ វគ្គរួចមកហើយ ដែលវគ្គនីមួយៗមានរយះពេល ៣ ខែ និងមានសិស្សជាមធ្យមចំនួន ៦០​ នាក់ ក្នុងវគ្គនីមួយៗ ក្លឹបធ្លាប់ទទួលបានការជួយឧបត្ថម្ភជាសម្ភារៈមួយចំនួនមានដូចជា ក្តារខៀន សៀវភៅ ប៊ិច ។ល។ ពីអាជ្ញាធរជាតិព្រះវិហារ និងសប្បុរសជនជាតិ និងអន្តរជាតិផងដែរ។

gxvi8500nwgw0632mawt3275lbsn7609