ព្រឹត្តិការណ៍​ប្រមូល​សំរាម​ប្លាស្ទិច​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២​នៃ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះវិហារ​ថ្ងៃ​ទី​៥ ខែ​កក្កដា ​ឆ្នាំ​២០១៥

NAPV3-Rubbish-collection-act-1នា​ព្រឹក​ថ្ងៃ​ទី​០៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៥​ ​អាជ្ញាធរ​​ជាតិ​​ព្រះវិហារ​​ក្រោម​​កិច្ច​​សហ​​ការ​​ជាមួយ​​បញ្ជាការដ្ឋាន​​អង្គរក្ស​ ​​និង​​​ការ​​​ចូលរួម​​​ពី​​អាជីវករ​​​តាម​​​ដង​​ផ្លូវ​​​មាន​​​ចំនួន​​​សរុប​​​ ​​៥០​នាក់​ ​​បាន​​​ចុះ​​​ប្រមូល​​​សំរាម​​​ប្លា​ស្ទិច​​​តាម​​ដង​​​ផ្លូវ​ជាតិ​៦២​ ​​ចាប់​ពី​ស្នាក់​ការ​​អាជ្ញាធរ​​ជាតិ​​ព្រះវិហារ​​រហូត​​ដល់​​ចំនុច​​កែង​ស្វាយជ្រុំ​​នៃ​រមណីយ​ដ្ឋាន​​បេតិកភណ្ឌ​​វប្បធម៌​​ពិភពលោក​​ប្រាសាទ​​ព្រះវិហារ​​។

​​​​​​​​​​​​​​​​​​​​​គោលបំ​​​​ណង​សំខាន់​នៅ​ក្នុង​សកម្មភាព​ប្រមូល​សំរាម​នេះ​គឺ​ដើម្បី​រក្សា​បាន​នូវ​សោភណ្ឌភាព​តាម​ដង​ផ្លូវ​​ និង​ទី​ធ្លា​សាធារណៈ​ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ប្រជា​ពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ឱ្យ​យល់​ដឹង​អំពី​ការ​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិច​​នៅ​តាម​គេហដ្ឋាន ​និង​ទីសាធារណៈ​។

កាក​សំណល់​ប្លាស្ទិច​អាច​បម្លាស់​ទី​តាម​ខ្យល់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ រាយ​ប៉ាយ​គ្រប់​ទី​កន្លែង​ និង​ធ្វើ​ឱ្យ​បាត់​បង់​សោភណ្ឌភាព​នៅ​ទីនោះ​ ​ព្រម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​ ជាទូទៅ​វា​អាច​រំលាយ​ធាតុ​ជាដី​ក្នុង​រយៈពេល​១០០ឆ្នាំ​។ កាក​សំណល់​ថង់​ប្លាស្ទិច អាច​បង្ក​ជា​បញ្ហានានាដូចជា ធ្វើឱ្យស្ទះផ្លូវទឹកជាពិសេសប្រព័ន្ធលូ បណ្តាលឱ្យសត្វច្រឡំស៊ីជាចំណីនិងងាប់ និងបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសផងដែរ ​ដែល​ជា​វិភាគ​ទាន​មួយ​ដល់​ការ​កើន​ឡើង​កំដៅ​ផែនដី​។ ការ​ប្រើ​ស្បោង​ប្លាស្ទិច​ប្រកប​ដោយ​ការ​សន្សំសំចៃ និង​ការ​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិច​បាន​ត្រឹមត្រូវ​គឺ​ជា​កាត្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​លើ​ពិភពលោក​ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​យើង​លើ​ភព​ផែនដី​នេះ។

យុទ្ធនាការ​ប្រមូល​សំរាម​ប្លាស្ទិច​នៅថ្ងៃនេះ​ តំណាង​ឱ្យ​ការ​ចូលរួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូចជា​ពិភពលោក​ទាំងមូល​នៅ​ក្នុង​ការ​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិច និង​ដើម្បី​រក្សា​បាន​នូវ​បរិស្ថាន​ស្អាត និង​សោភណ្ឌភាព​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​។

យើង​គ្រប់​រូប​ត្រូវ​រួមគ្នា​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិច​ឱ្យ​បាន​ត្រឹម​ត្រូវ​ដូចជា​ ទុក​ដាក់​ក្នុង​ធុង​សំរាម​ អន្លង់​ចាក់​សំរាម និង​កប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ទទួល​បាន​នូវ​បរិស្ថាន​ស្អាត​ រមណីយដ្ឋាន​ស្អាត និង​ភាព​ស្រស់​ស្រាយ​ទាំងអស់​គ្នា​។