នា​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ២០១៦ អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ខ័ណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ មន្ទីរ​រៀបចំ​ដែនដី នគរូ​បនីយកម្ម និងសំណង់ មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនា និង​អាជ្ញាធរ​ដែនដី​រួមមាន អភិបាល​គណៈ​អភិបាល​ស្រុកគូលែន អធិការ​នគរបាល​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​មេភូមិ​បាន​ចុះ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី ការ​ការពារ ការ​អភិរក្ស និង​ការអភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នេះ​មាន​អ្នក​ចូល​រួម​សរុប​ចំនួន ៧៤នាក់ ក្នុង​នោះ​សហគមន៍ ៥២នាក់ និង​សមាជិក​ក្រុម​អប់រំ​ផ្សព្វផ្សាយ​ចំនួន ២២នាក់។ ការ​អប់រំ​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​បួន​គឺ៖

  • ឱ្យ​សហគមន៍​ស្គាល់​ច្បាស់​អំពី​រមណីយដ្ឋាន​កោះកែរ​ដូចជា​ទំហំ​ផ្ទៃដី​ និង​ព្រំប្រទល់ តម្លៃវប្បធម៌ តម្លៃព្រៃឈើ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​តាម​រយៈ​មុខរបរ​ផ្សេងៗ និង​វិស័យ​​ទេសចរ​ណ៍
  • ឱ្យ​សហគមន៍​បាន​យល់​អំពី​ច្បាប់​ការពារ​បេតិកភណ្ឌ និង​ច្បាប់​ព្រៃឈើ
  • បង្កើន​ភាព​ស្និតស្នាល​ជាមួយ​សហគមន៍ និង​ពិភាក្សា​អំពី​ចំនុច​មន្ទិល​សង្ស័យ​ផ្សេងៗ​ដែល​ប្រជា​សហគមន៍​មាន​ចម្ងល់ និង
  • ទាញ​ការ​ចូលរួម​ពី​សហគមន៍​ក្នុង​កិច្ច​ការពារ និង​អភិរក្ស​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ។

ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការយល់ដឹង​អំពី​តម្លៃ​សម្បត្តិ​វប្បធម៌​ និង​ធម្មជាតិ និង​ច្បាប់​ការពារ​សម្បត្តិ​ទាំងនេះ ក្រុមអប់រំ​ផ្សព្វផ្សាយ​ផ្តោត​លើ​ប្រធាន​បទ​សំខាន់ៗ​ចំនួន​បួន​គឺ៖

  • ផ្ទៃដី និង​ព្រំប្រទល់​ប្រាសាទ​កោះកែរ និង​ជម្រើស​របរ​ចិញ្ចឹម​ជីវិត​សហគមន៍​មិន​ប៉ះពាល់​ដល់​បរិស្ថាន
  • តម្លៃ​បេតិកភណ្ឌ​វប្បធម៌ និង​ច្បាប់​បេតិកភណ្ឌ
  • តម្លៃ​ព្រៃឈើ និង​ច្បាប់​ព្រៃឈើ​រួមមាន​ទាំង​ការ​អនុវត្ត​ច្បាប់​លើការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ផងដែរ
  • ការ​អភិវឌ្ឍ​ជីវភាព​ពី​វិស័យ​ទេសចរណ៍

បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​លើ​ផ្នែក​នីមួយៗ​ហើយ ប្រជាពលរដ្ឋ​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ចោត​សួរ​ដល់​ក្រុម​ការងារ​អំពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ច្បាប់ និងសកម្មភាព​របស់​ពួកគេ​ក្នុង​រមណីយដ្ឋាន។ សហគមន៍​បាន​ចោត​សួរ​ចំនួន​បីសំណួរ​គឺ៖

  1. បើ​ដី​ស្រែ​ខ្ញុំ​មាន​ក្នុង​តំបន់បី​នៃ​រមណីយដ្ឋាន​យូរ​មក​ហើយ តើ​ខ្ញុំ​អាច​ជីក​អណ្តូង ឬស្រះ​បាន​ដែរ​ឬទេ?
  2. តើ​ប្រជាពលរដ្ឋ​អាច​ដឹក​ឈើ​ដែល​អារពី​ឈើ​ងាប់​ឆ្លង​កាត់​រមណីយដ្ឋាន​បាន​ដែរ​ឬទេ?
  3. ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋភ្ជួរ​ស្រែដោយ​ប្រើ​ត្រាក់ទ័រ​ក្នុង​រមណីយដ្ឋាន?

ទាក់ទង​នឹងសំណួរទី១ លោក​ប្រធាន​នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា​បាន​ឆ្លើយ​បំភ្លឺថា បញ្ហា​នេះ​មិន​អាច​ធ្វើបាន​ទេព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​បុរាណ​វត្ថុ​ដែល​កប់​ក្រោមដី។ ដើម្បី​សម្រេច​ធ្វើ​មួយ​ក្នុង​រមណីយដ្ឋាន​ចាំបាច់​ត្រូវ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ពី​មន្រ្តី​បច្ចេកទេស​​ជាមុនសិន។ លោក​នាយ​ខ័ណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​បាន​បកស្រាយ​បំភ្លឺ​សំណួរទី២ និងទី៣ ដោយ​បញ្ជាក់ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​ទាំង​នេះ​ទេ​ព្រោះ​នេះ​ជា​តំបន់​រមណីយដ្ឋាន​ដែល​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង និង​អភិរក្ស​តឹងរឹង ហើយ​ម៉្យាង​ទៀត​ការ​ប្រើ​គ្រឿងចក្រ បង្ករ​ឱ្យ​មាន​សំឡេង​រំខាន​ដល់​សត្វព្រៃ និងប្រាសាទ និង​ប៉ះពាល់​ដល់​វត្ថុបុរាណ​ក្រោមដី។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​ផ្សព្វផ្សាយ​នេះ លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់ ​ដោយ​ឈប់​ដឹកឈើ​ឆ្លងកាត់​ក្នុង​រមណីយដ្ឋាន​ទៀត ហើយ​ឃុំ​នឹង​មិន​ចូលរួម​ដោះស្រាយទេ​បើសិន​ជា​ប្រជាពលរដ្ឋ​នៅ​ប្រព្រឹត្តិ​ខុស​ហើយ​ត្រូវ​អាជ្ញាធរ​ចាប់បាន។