នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជំុសាលាខេត្តព្រះវិហារ មានកិច្ចប្រជំុចម្រុះរវាងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និង អាជ្ញាធរខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។

គោលបំណងនៃអង្គប្រជំុនេះគឺ៖
– ទី១ ផ្សព្វផ្សាយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៤១៦ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦ ស្តីពីការប្រគល់រមណីយដ្ឋានប្រាសាទកោះកែរ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ។
– ទី២ ផ្សព្វផ្សាយសេចក្តីសម្រេច របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ១៣សសរ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកែរ។

តាមខ្លឹមសារនៃសេចក្តីសំរេចនេះ សមាសភាពចម្រុះមកពីអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ ស្រុកគូលែនរហូតដល់ឃំុស្រយ៉ង់ និងមន្ទីរពាក់ព័ន្ធជំុវិញខេត្តចំនូន១៨រូបត្រូវបានបង្កើតឡើង ដែលមាន ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ជាប្រធាន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលរងខេត្តព្រះវិហារ ជាអនុប្រធាន រួមជាមួយអនុប្រធាន៤រូបទៀតផងដែរ។ សេចក្តីសំរេចក៏បានកំណត់អំពីតួនាទី ភារកិច្ច និងបេសកកម្មរបស់គណៈកម្មការ សំដៅគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសការពារ ទប់ស្កាត់ និងអភិរក្សព្រៃឈើក្នុងតំបន់ប្រាសាទកោះកែរប្រកបដោយនិរន្តរភាព។


អង្គប្រជំុក៏បានស្តាប់បទបង្ហាញចំនួនបី ធ្វើឡើងដោយមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ពាក់ពន្ធនឹង៖ ស្ថានភាពព្រៃឈើនៅតំបន់កោះកែរ ប្រវត្តិសាស្ត្រ និងស្ថានភាពបុរាណវិទ្យាតំបន់ប្រាសាទកោះកែរ និងបញ្ហាប្រឈម ផលប៉ះពាល់ទាក់ទងនឹងហេដ្ឋារចនាសម័ន្ធ បញ្ហាដីធ្លី និងប្រជាសាស្ត្រ។


អង្គប្រជំុបានឯកភាពក្នុងការបង្កើតក្រុមការងារ៣ ពាក់ព័ន្ធការងារផ្សព្វផ្សាយ ការងារទប់ស្កាត់ និងការដកស្រង់ទិន្នន័យ ដើម្បីជាសេនាធិការឲ្យគណៈកម្មការខាងលើ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើពីប្រយោជន៍និងភាព
ចាំបាច់នៃកិច្ចសហការ និងការចូលរួមក្នុងការអនុវត្តភារកិច្ច និងបានសំណូមពរឲ្យមានការអត់ធ្មត់ និងទន់ភ្លន់បំផុតជាមួយប្រជាជនយើងមុននឹងវិធានការណ៍ច្បាប់ត្រូវបានប្រកាន់យក។