នាថ្ងៃទី២៦-២៩ ខែកក្កដា ឆ្នាំ២០១៥ តំណាង​នាយកដ្ឋាន​បរិស្ថាន​ ​ព្រៃឈើ​ ​និង​ទឹក​ និង​នាយកដ្ឋាន​នគរូបនីយកម្​ម អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​ប្រជាសាស្ត្រ ​បាន​ជួយ​សម្រប​សម្រួល​ក្រុម​បច្ចេកទេស​ជប៉ុន​មក​ពី​ក្រុមហ៊ុន​ផលិត​ជី​សរីរាង្គឈ្មោះ FYC ​ចុះ​ពិសោធន៍​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ដោយ​ប្រើ​ជី​សរីរាង្គនៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​ក្នុង​ភូមិធម្មជាតិ​។ សកម្មភាព​ពិសោធន៍​នេះ​ក៏​មាន​ការ​ចូលរួម​ពី​កសិករ​ក្នុង​ភូមិធម្មជាតិ​ផងដែរ​។

ពូជ​ស្រូវ​ចំនួន​ពីរ​ប្រភេទ​រួមមាន​ ពូជ​ស្រូវ​ផ្កាម្លិះមាន​អាយុ​បី​ខែ​កន្លះ និង​ពូជ​ស្រូវ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​មាន​អាយុ​ប្រាំ​ខែ ​បាន​ដាំពិសោធន៍លើដី​​​២០០​​ម៉ែត្រការេ​ ដោយខណ្ឌជាស្រែតូចៗចំនួន៦។ ចំពោះដំណាំបន្លែមានចំនួន៩ប្រភេទក្នុងនោះ មានការ៉ុត ឆៅថាវ កាឆាយ ពួកសណ្តែក និងពួកស្ពៃ លើរងចំនួន៣ខ្សែ។

ក្រៅ​ពី​សកម្មភាព​ពិសោធន៍​ដំណាំ​ស្រូវ ក្រុម​បច្ចេកទេស​ជប៉ុន​ក៏​បាន​ចុះ​ពិនិត្យ​មើល​សួន​ដំណាំ​កសិករ​គម្រូ​ក្នុង​ភូមិ​ធម្មជាតិ​ផង​ដែរ​ និង​បាន​ផ្តល់​អនុសាសន៍​បច្ចេកទេស​ថែទាំ​បន្លែ​ដូចជា​ ការ​ពូន​រង​ ការ​ប្រើ​ជី​និង​ ការ​គ្រប់​គ្រង​ទឹក​ក្នុង​សួន​បន្លែ​។ ក្រុម​បច្ចេកទេស​ជប៉ុន​សន្យា​ថា​នឹង​យក​ជី​សរីរាង្គ​ពី​ជប៉ុន​ដែល​ផលិត​ពី​អាចម៍​មាន់​ និង​វត្ថុធាតុ​ដើម​ ៣​ប្រភេទ​ទៀត​មក​ឱ្យ​ក្រុម​កសិករ​គម្រូ​ប្រើ​ដើម្បី​តាម​ដាន​ពី​ប្រសិទ្ធភាព​ជីផង​ និង​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ផង​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ក៏​បាន​ជួប​សំណេះ​សំណាល​អំពី​បញ្ហា​ផ្សេងៗ​ជាមួយ​ក្រុម​បច្ចេកទេស​ជប៉ុន​ និង​បាន​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដូចជា​ ទស្សនៈ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រាសាទ​ ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ និង​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ឃុំ​ស្រអែម​។ ក្រុម​អ្នក​បច្ចេកទេស​ជប៉ុន​បាន​សម្តែង​នូវ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​អភិវឌ្ឍ​កសិកម្មដំណាំ​បន្លែ ស្រូវ​ និង​ការ​ចិញ្ចឹម​មាន់​ និង​មាន​គម្រោង​ពង្រីក​ប្រព័ន្ធ​កសិកម្ម និង​សួន​បន្លែ​ក្នុង​ឧទ្យាន​ធម្មជាតិ​សម្រាប់​បង្ហាញ​ដល់កសិករ​។

លទ្ធផលទទួលបានពីការពិសោធន៍នេះ នឹងយកទៅផ្សព្វផ្សាយដល់កសិករដែលរស់នៅក្នុងភូមិធម្មជាតិ និងភូមិផ្សេងទៀតក្នុងឃុំស្រអែម។